គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកំពុងមានតួនាទីយ៉ាងសំខាន់ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ នាពេលបច្ចប្បន្ននេះ។ ថ្វីត្បិតតែគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានច្រើនហើយក្តី ក៏ការផ្គត់ផ្គង់មិនទាន់បានគ្រប់គ្រាន់តាមតម្រូវការទីផ្សារដែរ។ បច្ចប្បន្ននេះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបាននឹងកំពុងកើតឡើងជាបន្តបន្ទាប់ដើម្បីបំពេញតាមតម្រូវការទីផ្សារ។ ដោយមើលឃើញពីតម្រូវការទីផ្សារផង រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិផង និងដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារផ្ទាល់ខ្លួនផងដែរនោះ ការផ្តួចផ្តើមគំនិតពីភាគទុនិកមួយក្រុមបានរួមគ្នាបង្កើតក្រុមហ៊ុន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បាយ័ន ក្រេឌីត លីមីធីត នេះឡើង។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បាយ័ន ក្រេឌីត លីមីធីត ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១១ ក្នុងគោលដៅចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច ជាតិឲ្យមានភាពកាន់តែប្រសើរឡើង។ គ្រឹះស្ថាននេះ បានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១១ ហើយបានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជានៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០១១។ តាមរយៈនៃការបង្កើត គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បាយ័ន ក្រេឌីត លីមីធីត គ្រឹះស្ថានបានផ្តល់ការងារឲ្យនិយោជិតមួយចំនួនបានចូលបម្រើការងារក្នុងក្របខណ្ឌដែលទទួលបានប្រាក់បៀវត្សរ៍យ៉ាងសមរម្យ និងបានផ្តល់ឥណទានដល់ប្រជាជន កសិករ អាជីវករ និងសហគ្រិនរស់នៅតាមសហគមន៍ ទីជនបទ ទីប្រជុំជន ខេត្ត-ក្រុង និងព្រមទាំងបានផ្តល់ឲ្យខ្ចី ចំពោះនិយោជិតធ្វើការតាមស្ថាប័ននានាផងដែរតាមតម្រូវការចាំបាច់របស់គាត់។ ដើម្បីពង្រីកទីផ្សារឲ្យស្របតាមតម្រូវការបច្ចុប្បន្ននៃការប្រើប្រាស់សេវាភតិសន្យាហិរញ្ញវត្ថុ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បាយ័ន ក្រេឌីត លីមីធីត បានស្នើសុំការអនុញ្ញាតធ្វើប្រតិបត្តិការសេវា “ភតិសន្យាហិរញ្ញវត្ថុ” ហើយក៏ទទួលបានការអនុញ្ញាតឲ្យធ្វើប្រតិបត្តិការសេវាកម្មនេះ ពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០១៧។ នៅរយៈកាលចុងក្រោយនេះ គ្រឹះស្ថានក៏បានបង្កើតនូវផលិតផលឥណទានថ្មីមួយទៀត គឺឥណទានងាយស្រួល សម្រាប់ផ្តល់ជូនអតិថិជនដែលមានតម្រូវការសាច់ប្រាក់ឆាប់រហ័ស ក្នុងការចំណាយមុនពេលបើកប្រាក់ខែ។ ឥណទានងាយស្រួល មិនតម្រូវឲ្យអតិថិជនមានទ្រព្យដាក់ធានា មិនចាំបាច់មានអ្នកចូលរួមខ្ចី ទទួលបានសាច់ប្រាក់ឆាប់រហ័ស រក្សាការសម្ងាត់សម្រាប់អតិថិជន ឯកសារមិនស្មុគស្មាញ និងមានលក្ខខណ្ឌពិសេសផ្សេងៗទៀត។